ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Saturday, 26 September 2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជម្រាបជូនភាគីមិត្តអ៊ីរ៉ង់ អំពីការវិវត្តថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ.....


នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ីរ៉ង់ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ជាជំនួបលើកដំបូងដែលពោរពេញដោយក្តីរីករាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីអោយកាន់តែស៊ីជម្រៅ។ ក្នុងពេលទន្ទឹងរង់ចាំការអបអរសាទរខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ កម្ពុជា និងអ៊ីរ៉ង់បានបញ្ជាក់សារជាថ្មីនូវកិច្ចសហការរួមគ្នាក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅកាលបរិច្ឆេទ និងទីកន្លែង ដែលបានឯកភាពគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីការវិវត្តថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕ ដោយ៖ កន ចំណាន






ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ សិស្សជោគជ័យក្នុងការសិក្សាត្រូវចងចាំគុណូបការៈនៃអ្នកមានគុណ និងថ្នាក់ដឹកនាំជាតិ....


ខេត្តព្រៃវែង៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យរក្សាស្មារតីដឹងគុណជានិច្ចចំពោះលោកឪពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារដែលបានខិតខំផ្តល់ឱកាស និងជ្រោមជ្រែងឱ្យពួកគេទទួលបានការអប់រំប្រកបដោយសមធម៌។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការអប់រំនៅខេត្តព្រៃវែង និងទូទាំងប្រទេសនាពេលបច្ចុប្បន្ន គឺកើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រួមនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍វិស័យអប់រំយ៉ាងខ្លាំងក្លា។ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សទាំងអស់ ដែលទើបបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ឱ្យបន្តការតស៊ូក្រេបជញ្ជក់ចំណេះដឹង និងជំនាញថ្មីៗបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ដើម្បីក្លាយជាយុវជនដែលមានសក្ដានុពលខ្ពស់សម្រាប់ចូលរួមអភិវឌ្ឍជាតិ។

ក្រៅពីការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសីលធម៌ និងគុណធម៌ក្នុងសង្គម ដោយទូន្មានឱ្យសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ធនធានមនុស្សជំនាន់ក្រោយនឹងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ ប្រសិនបើសិស្សានុសិស្សចេះខិតខំរៀនសូត្រ និងរក្សាបាននូវភាពថ្លៃថ្នូរ។

យោងតាមរបាយការណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ការប្រឡងឆ្នាំនេះ ខេត្តព្រៃវែងមានសិស្សជាប់និទ្ទេស A ចំនួន ១០៥នាក់, និទ្ទេស B ចំនួន ៥៨១នាក់, និទ្ទេស C ចំនួន ១.៥៧៨នាក់, និទ្ទេស D ចំនួន ២.៩៦៣នាក់ និងនិទ្ទេស E ចំនួន ៣.០៣៩នាក់។ ក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងមធ្យោបាយធ្វើដំណើរ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានជោគជ័យក្នុងការសិក្សាផងដែរ។


កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ....


នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ជាជំនួបលើកដំបូងរវាងភាគីទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយ ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍នៃប្រទេសទាំងពីរ។

ជំនួបប្រកបដោយផ្លែផ្កានេះបិទបញ្ចប់ដោយភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទូតរវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕ ដោយ៖ កន ចំណាន





ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់.....

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានគូសបញ្ជាក់ថា ក្រុមការងារចលនាស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកបេះដូង និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ តាមរយៈភាពជាអ្នកដឹកនាំដែលមានការយកចិត្តទុកដាក់ ឆ្លើយតបទាន់ពេលវេលា មានប្រសិទ្ធភាព តាមគោលការណ៍និងស្មារតីគណបក្សប្រជាជនកម្ពុជា គឺ «មិនទុកឱ្យនរណាម្នាក់នៅឯកោ» នោះឡើយ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងលើកទិសដៅបន្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីតាមបណ្តាក្រុង ស្រុកទាំង១៣ របស់ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក ក្រុង ទាំង១៣ របស់ខេត្តកណ្តាល។

នៅក្នុងបរិយាកាសរីករាយនោះ សម្តេចរដ្ឋសភាធិបតីបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិក សមាជិកាគណបក្សទាំងអស់។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយពលរដ្ឋទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលបានប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យលទ្ធផលសម្រេចបាន ពិនិត្យមើលបញ្ហាប្រឈម និងផែនការការងារត្រូវអនុវត្តបន្ត។ ក្រុមការងារចលនាស្ត្រី ជាយន្តការមួយយ៉ាងរឹងមាំដែលមានរចនាសម្ព័ន្ធចាត់តាំងពីថ្នាក់ខេត្តដល់ថ្នាក់ភូមិ ក្នុងការជួយបម្រើសកម្មភាពការងារគណបក្ស ផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋឱ្យបានជាប់ជាប្រចាំ។

បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលនិងទិសដៅបន្ត របស់ លោកជំទាវ ស្រ៊ុន ស្រីនាង អនុប្រធានប្រចាំការក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក៏ដូចជាចំណាប់អារម្មណ៍របស់ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងប្រសាសន៍លើកឡើងរបស់ប្រធានក្រុមការងារចលនាស្ត្រីស្រុក ក្រុងទាំង១៣ របស់ខេត្តកណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារក្រុមការងារចលនាស្ត្រី ដែលសម្រេចបាន។ លទ្ធផលការងារដ៏ត្រចះត្រចង់នេះបង្ហាញពីការចូលរួម និងការបំពេញការងារយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សទាំងអស់ ទាំងបុរសនិងស្ត្រី មិនមែនតែក្រុមការងារចលនាស្ត្រីនោះទេ។ សមាជិកទាំងអស់បានសាមគ្គីគ្នាយ៉ាងល្អដើម្បីសម្រេចឱ្យបាននូវបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

ក្រុមការងារចលនាស្ត្រីគ្រប់ក្រុង ស្រុកទាំង១៣ របស់ខេត្តកណ្តាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តចុះបម្រើប្រជាពលរដ្ឋដោយបេះដូង និងស្មោះត្រង់ជាទីបំផុត។ នៅក្នុងនោះក្រុមការងារបានប្តេជ្ញាចិត្តមុតមាំ ធានាឱ្យបានថា សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក ដើម្បីធ្វើយ៉ាងណាឱ្យគណបក្សបន្តទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតសកលឆ្នាំ២០២៨ ខាងមុខនេះ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទោះបីជាប្រឈមនឹងស្ថានការណ៍មួយ ដែលសកលលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ហ៊ុមព័ទ្ធដោយសង្គ្រាម និងរងនូវសង្គ្រាមឈ្លានពានពីប្រទេសថៃយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែរក្សាបាននូវសន្ទុះកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ប្រកបដោយភាពធន់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំនាវាកម្ពុជាប្រកបដោយភាពចាស់ទុំខាងផ្នែកនយោបាយ ការទូត និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាគោល ដោយបាន និងកំពុងបន្តស្វែងរកសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានភាពល្អប្រសើរ សេដ្ឋកិច្ចបន្តមានកំណើន និងសង្គមមានស្ថិរភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សទាំងអស់បន្តជឿជាក់លើថ្នាក់ដឹកនាំ ដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានសៀម តាមរយៈសមរភូមិការទូត និងយោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណៈមតិនានា ជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។

សម្តេចបានសង្កត់ធ្ងន់ថា ក្រុមការងារចលនាស្ត្រី ត្រូវចុះបង្ហាញការពិតជូនពលរដ្ឋ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី។ ការបន្តឈ្លានពាន និងការកាន់កាប់ដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់តាមរយៈការប្រើប្រាស់កម្លាំងរបស់ថៃ ផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ និងមិនអាចយកមកកំណត់ព្រំដែនបានជាដាច់ខាត។ ក្រុមការងារទំាងអស់ ត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ អំពីបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ វិធានការអន្តរាគមន៍ដែលកំពុងអនុវត្ត និងការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឧត្ដមប្រយោជន៍ជាតិ “រដ្ឋាភិបាលប្រកាន់ខ្ជាប់ការអនុវត្តយុទ្ធសាស្ត្រស្ងាត់ តែមិនស្ងៀម” ក្នុងសមរភូមិការទូត និងច្បាប់អន្តរជាតិ។

មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី បានជំរុញដល់ក្រុមការងារចលនាស្ត្រី ទាំងអស់គ្នាត្រូវបន្តដំណើរទៅមុខជាមួយគ្នា ប្រកបដោយស្មារតីសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្ត និងមានឆន្ទៈមោះមុត ដើម្បីប្រែក្លាយការប្តេជ្ញាទៅជាសកម្មភាព ប្រែក្លាយគោលនយោបាយរបស់យើងឱ្យទៅជាសមិទ្ធផលជាក់ស្តែង និងប្រែក្លាយសេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋឱ្យទៅជាកម្លាំងកសាងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ និងរុងរឿង។ ក្រោមធ្លុងមហាសាមគ្គីតែមួយ រួមគ្នាបម្រើប្រជាពលរដ្ឋ ការពារជាតិមាតុភូមិ និងចូលរួមកសាងអនាគតដ៏ត្រចេះត្រចង់របស់កម្ពុជា៕




Friday, 25 September 2026

រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះនិងងាយរងហានិភ័យដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេងនិងឧស្ម័នឥន្ធនៈដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រាលបន្ទុកជីវភាពគ្រួសារចំនួន ៤.៦លាននាក់ឥត...

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែ

កញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី បានលើកឡើងថា កាលពី

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានផ្តល់

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះនិង

ងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេងនិង

ឧស្ម័នឥន្ធនៈដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្នុងគោលបំណង

សម្រាលបន្ទុកជីវភាពគ្រួសារ ចំនួន ៤.៦លាននាក់នៅទូទាំង

ប្រទេស ដោយចាប់ផ្តើមបើកសាច់ប្រាក់ចំនួន ៤លើក គឺ

 លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា លើកទី២ នៅថ្ងៃទី១៦ ខែ

តុលា លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា និងលើកទី៤ នៅ

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ តាមរយៈកម្មវិធីអន្តរាគមន៍នេះ

 គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់

ប្រាក់ ដោយគ្រួសានៅរាជធានីភ្នំពេញ ចំនួន ៦០ ០០០រៀល

 នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចំនួន ៤៨ ០០០រៀល

 នៅទីជនបទ ចំនួន ៤០ ០០០រៀល ហើយសមាជិកគ្រួសារ

ក្នុងម្នាក់ៗទទួលបាន ៥ ០០០រៀលបន្ថែមទៀត។ ទន្ទឹមនេះ ស

ម្តេចធិបតី បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ច

សហការតាមរយៈយន្តការក្រុមប្រឹក្សាជាតិគំាពារសង្គមឱ្យបាន

ពេញលេញដើម្បីអនុវត្តកម្មវិធីនេះ ប្រកបដោយជោគជ័យនិង

ប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តពង្រឹងកិច្ចការពារវប្បធម៌និងអត្តសញ្ញាណជាតិ និងយកចិត្តទុកដាក់ជំរុញការគ្រប់គ្រង និងការផ្សព្វផ្សាយវប្បធម៌ខ្មែរតាមកម្មវិធីសំខាន់ៗនានាជាមួយវិស័យឯកជន។

បន្ថែមលើនេះ សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន៦០០គ្រឿង បែកចែកជា៦គោលដៅពីរាជធានីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីបម្រើជូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។ ទន្ទឹមនេះ សម្តេចធិបតី បានផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងនៅជួរមុខ និងក្នុងប្រទេស ដែលបានបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ និងប្រជាជន៕


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសនូវែលសេឡង់....


ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Raylene Siale Tagaloa LIUFALANI ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសនូវែលសេឡង់ ចូលជួបសម្តែងការគួរសម និងជូនសារតាំង។








ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ផ្តល់គោលការណ៍ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ​ រៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ.....


ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ ដើម្បីជួយសម្រាលបន្ទុកការចំណាយ​របស់បងប្អូន​ អ៊ំពូមីង​ តាយាយ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តផ្តល់គោលការណ៍ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ​ រៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងនោះ៖

១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២. រថយន្តក្រុងចំនួន ៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រឡប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦ គោលដៅ។

ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកចំណាយផង​ និងធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាពផង​ ក្នុងឱកាសទៅជួបជុំក្រុមគ្រួសារ​ ធ្វើបុណ្យតាមប្រពៃណីខ្មែរ​ នាឱកាសការកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌខាងមុខនេះ។