ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងនូវការប្ដេជ្ញាពូនជ្រំនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួប និងជូនសារតាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានតែងតាំងប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តម មកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ គឺបានបង្ហាញអំពីការផ្ដល់តម្លៃខ្ពស់ពីភាគីឡាវ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងឡាវ។
ជាមួយគ្នានេះ ឯកឧត្តម Sonexay Vannaxay បានម្ដែងការអរគុណជាអនេកចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបជូនសារតាំងក្នុងឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ នាពេលកន្លងមក និងបច្ចុប្បន្ន គឺជាទំនាក់ទំនងដ៏ល្អប្រសើរ ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែងជាមួយគ្នា ហើយមិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាមិត្តភាពដែលមានប្រវត្តសាស្រ្ដនៃការជួយគ្នាទៅវិញទៅមក ហើយជាប្រទេសដន្លងនឹងគ្នា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសរំលេចថា ឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយក្នុងពេលដែលឯកឧត្តមទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនេះ និងប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ រីកចម្រើនបន្តទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ ក៏បានសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលតែងតែជួយដល់ប្រទេសឡាវ និងប្រជាជនឡាវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងបរិបទកូវីដ-១៩ កន្លងមក ដោយកម្ពុជាបានចូលរួមផ្ដល់វ៉ាក់សាំង និងសម្ភារៈបច្ចេកទេសមួយចំនួន ដល់ប្រទេសឡាវលើការដោះស្រាយបញ្ហាកូវីដ-១៩ នាពេលនោះ។
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ ដែលបានលើកឡើងជុំវិញបរិបទនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវដែលមានភាពជិតស្និទ្ធជាមួយគ្នា។ សម្ដេចតេជោបានលើកឡើងថា កម្ពុជា និងឡាវ មានប្រវត្តិសាស្រ្ដនៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននៅតែមានទំនាក់ទំនងល្អ ស្អិតរមួត ហើយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែងជាមួយគ្នា។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានរំលេចថា ជាមិត្តដែលមានចិត្តស្មោះសរនឹងគ្នាជានិច្ច។
ក្នុងឱកាសនោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏បានជំរុញនូវទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងឡាវ ដោយសម្ដេចជំរុញឱ្យប្រទេសទាំងពីរពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយគ្នាឱ្យកាន់តែមានការកើនឡើងច្រើន ដែលជាផ្នែកដ៏សំខាន់គាំទ្រដល់ទំនាក់ទំនងនយោបាយ និងកាទូតរវាងប្រទេសទាំងពីរ៕ 



