កម្ពុជា-អូស្ត្រាលី នឹងបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងគ្នាឱ្យកាន់តែស៊ីជម្រៅ……

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Matt Thistlethwaite អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី និងជាប្រធានគណៈប្រតិភូអូស្ត្រាលី។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាងកម្ពុជា និងអូស្ត្រាលី។ កិច្ចពិភាក្សាបានផ្តោតលើបញ្ហាពាណិជ្ជកម្មសំខាន់ៗ រួមទាំងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA)។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើលទ្ធផលរំពឹងទុកនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) ដោយបានគូសបញ្ជាប់អំពីសារៈសំខាន់នៃការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី, ការពន្លឿនការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក, និងការដោះស្រាយបញ្ហាអាទិភាពពាក់ព័ន្ធនឹងការអភិវឌ្ឍ។
ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងគ្នាឱ្យកាន់តែស៊ីជម្រៅ៕
ដោយ៖ កន ចំណាន

Leave a Reply

Your email address will not be published. Required fields are marked *