កងពលតូចលេខ៧០ ធ្វេីពិធីប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមីនា និងលេីកទិសដៅអនុវត្តភារកិច្ចបន្តប្រចាំខែមេសា ឆ្នាំ២០២៦ ……

(ភ្នំពេញ)៖លោកឧត្តមសេនីយ៍ឯក​ ហែម​ ថា​ មេបញ្ជាការកងពលតូចលេខ៧០​ ជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមីនា និងលេីកទិសដៅអនុវត្តភារកិច្ចបន្តប្រចាំខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការកងពលតូចលេខ៧០។

ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ឯក ហែម ថា មានប្រសាសន៍ថា ​ការងារ​ទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសាមគ្គីភាព​ សហការរួមគ្នារបស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យដើម្បីរួមគ្នាពិនិត្យវាយតម្លៃលើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់អំពីទិសដៅវិធានការនានា។

លោកឧត្តមសេនីយ៍ឯក​ បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពការងារ​ និងសម្រេចបាននូវទិសដៅ​បន្ត គ្រប់កងឯកភាពត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំបញ្ជា​ វិន័យ​ កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ។

ជាចុងបញ្ចប់ លោកមេបញ្ជាការកងពល​ បានថ្លែងអំណរគុណ និងជូនពរដល់មេបញ្ជាការរង​ និងយោធិនទាំងអស់ សូមបំពេញការងារទទួលបានលទ្ធផលល្អ បន្តទទួលជោគជ័យគ្រប់ភារកិច្ចដែលកងពលប្រគល់ជូន និងជួបពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡេីយ ៕

Leave a Reply

Your email address will not be published. Required fields are marked *