អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជន ចំនួន ២១ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…….

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ2026 នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម​ ចំនួន​ ២១ខ្នង​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគិតត្រឹមថ្ងៃទី៨ មេសា នេះ សំណង់ខាងលើសម្រេចបានប្រមាណ៧០% ហើយដោយគ្រោងនឹងប្រគល់ជូន គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនឱ្យចូលស្នាក់នៅជាបន្តបន្ទាប់ឆាប់ៗនេះ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាសមាគមខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ ហើយតាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោល នយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្តបន្តថា ការកសាងផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមជាមួយ សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានការងារសាងសង់សំណង់ខាងលើឱ្យមានគុណភាពខ្ពស់ ដើម្បីប្រើប្រាស់បានយូរអង្វែង។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋានសាខាសមាគម បានបញ្ជាក់ថា ផ្ទះដែលត្រូវបានកសាងជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ ទាំង២១ផ្ទះ រួមមាន: -ស្រុកកំពង់សៀម ២ខ្នង -ស្រុកព្រៃឈរ ៣ខ្មង -ស្រុកជើងព្រៃ ២ខ្នង -ស្រុកបាធាយ ៦ខ្នង -ស្រុកចំការលើ ២ខ្នង -ស្រុកស្ទឹងត្រង់ ២ខ្នង -ស្រុកកងមាស ៣ខ្នង និង ស្រុកស្រីសន្ធរ ចំនួន ១ខ្នងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

.

Leave a Reply

Your email address will not be published. Required fields are marked *