បទយកការណ៍៖ ប្រជាពលរដ្ឋសប្បាយរីករាយពេលជិះរថយន្តក្រុងទៅស្រុកកំណើតដោយមិនចំណាយថវិកា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈប្រេងឥន្ធនៈកំពុងឡើងថ្លៃ……

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦–ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងមន្រ្ដីរាជការ បានចាប់ផ្ដើមធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតជាបណ្ដើរៗ និងជាបន្ដបន្ទាប់រហូតដល់ថ្ងៃបុណ្យចូលឆ្នាំតែម្ដង។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីនឹងឈានមកដល់នោះ រាជរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយឥតគិតថ្លៃ ដោយចេញដំណើរចាប់ ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦។
បងប្អូនប្រជាពលរដ្ឋដែលបានមករង់ចាំឡើងជិះរថយន្ដក្រុងធ្វើដំណើរទៅលេងស្រុកកំណើតនាថ្ងៃទី១២ ខែមេសានេះ ក៏បានសម្តែងនូវក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគិតគូរ និងយកចិត្ដទុកខ្ពស់ចំពោះប្រជាពលរដ្ឋ ក្នុងការរៀបចំរថយន្ដក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណៈបច្ចុប្បន្នប្រេងឥន្ធនៈកំពុងឡើងថ្លៃផងនោះ។
កំពុងអង្គុយក្នុងរោងរង់ចាំឡើងរថយន្តដើម្បីទៅស្រុកកំណើតនៅឯខេត្តពោធិ៍សាត់ កញ្ញា ទី មករា ជាកម្មការិនីបម្រើការងារនៅរោងចក្រមួយកន្លែងនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បាននិយាយថា កញ្ញាពិតជាសម្បាយរីករាយ និងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញក្នុងការរៀបចំរថយន្តក្រុងដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និងប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដោយមិនអស់ថវិកា។ កញ្ញាបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត នៅពេលឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននាំគ្នាមកជិះរថយន្តក្រុង ដើម្បីទៅស្រុកកំណើតនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយមិនអស់ថវិកា ។ ព្រោះថាការជិះរថយន្តនេះមិនបានឱ្យប្រជាពលរដ្ឋចំណាយថវិការ ខណៈតម្លៃប្រេងឡើងថ្លៃ»។
កញ្ញា ទី មករា បានលើកឡើងថា នៅពេលជិះរថយន្តក្រុងទៅស្រុកកំណើតធ្វើឱ្យកញ្ញាកាត់បន្ថយការចំណាយលើថ្លៃធ្វើដំណើរមួយផ្នែក ហើយយកថវិកាទៅទិញសម្ភារៈទុកផ្ញើជូនអ្នកផ្ទះ។ កម្មការិនីរូបនេះ ក៏បានអរគុណរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ និងចំពោះម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធ ភេជ្ជៈដែលផ្តល់ជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅពេលធ្វើដំណើរផងដែរ។
ដោយធ្វើដំណើរតាមរថយន្ដក្រុងដោយមិនចំណាយថវិកា និងបានត្រឡប់ទៅលេងស្រុកកំណើតផងនោះ លោក សុង ពិសិដ្ឋ ជាកម្មករផ្នែកដឹកជញ្ជូន នៅរោងចក្រគ្រឿងបន្លាស់ចំការដូង រាជធានីភ្នំពេញ រស់នៅខេត្តបាត់ដំបង ក៏បានសម្តែការសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់រថយន្តក្រុងដឹកជញ្ជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។ លោកបញ្ជាក់ឱ្យដឹងថា៖ «ខ្ញុំតែងតែជិះរថយន្តក្រុងដែលរៀបចំដោយរាជរដ្ឋាភិបាលក្នុងការដឹកជញ្ជូនទៅស្រុកកំណើតនៅរដូវបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ។ ការបើកបរដឹកជញ្ជូនគឺល្អ ហើយជិះមានផាសុកភាព មានទាំងទឹក និងភេជ្ជៈហូបតាមរថយន្តទៀត»។
លោក ពិសិដ្ឋ ក៏បានអះអាងបន្ថែមទៀតថា៖ «ការជិះរថយន្តក្រុងបានធ្វើឱ្យខ្ញុំ កាត់បន្ថយការចំណាយមួយផ្នែកថ្លៃប្រេងចាក់ម៉ូតូ ដើម្បីធ្វើដំណើរទៅស្រុក ពិសេសនៅក្នុងស្ថានភាពពេលប្រេងឡើងថ្លៃ ជួយកាន់បន្ថយច្រើនព្រោះស្រុកកំណើតរបស់ខ្ញុំនៅឆ្ងាយ»។
ដៃកំពុងតែយួរអីវ៉ាន់ ត្រៀមឡើងជិះរថយន្ដក្រុង ដើម្បីទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យជាមួយនឹងអ្នកដំណើរផ្សេងទៀតដែរនោះ អ្នកស្រី មាធ វ៉ារតនៈ ជាចុងភៅនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញបានអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ។ អ្នកស្រីបាននិយាយទឹកមុខរីករាយថា ការធ្វើដំណើរទៅស្រុកកំណើតម្តងៗ ចំណាយអស់ថវិកាច្រើននៅពេលជិះរថយន្តឈ្នួល។ តែពេលនេះ អ្នកស្រីមិនបានចំណាយថវិកាចំពោះការធ្វើដំណើរនោះទេ គឺនៅសល់ថវិកាសម្រាប់ទិញសម្ភារៈ គ្រឿងឧបភោគ បរិភោគ ដើម្បីយកទៅស្រុកកំណើត។ អ្នកស្រីបានបង្ហាញនូវអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ក្នុងនៅរដូវបុណ្យជាតិប្រពៃណីជាតិខ្មែរ និងបុណ្យជាតិធំៗ របស់ខ្មែរយើង»។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នេះ ជាការកត់សម្គាល់ឃើញថា មានបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើន ជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមួយផ្នែកទៀតដោយសារតែស្ថានភាពក្នុងពេលបច្ចុប្បន្ន តម្លៃ ប្រេងឥន្ទនៈមានការកើនឡើងថ្លៃខ្ពស់ ផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង

អភិបាលរាជធានីភ្នំពេញ រួមជាមួយ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពញ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី បើទោះបីតម្លៃប្រេងឥន្ធនៈ មានការឡើងថ្លៃខ្ពស់យ៉ាងណាក៏ដោយ សម្តេចធិបតីនាយករដ្ឋមន្រ្ដី ដាច់ខាតត្រូវតែបម្រើប្រជាពលរដ្ឋឱ្យខាងតែបាន នោះគឺការដឹកជញ្ជូនពួកគាត់តាមរថយន្តក្រុងទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។
សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានប្រើប្រាស់រថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូនពួកគាត់ទាំងទៅនិងត្រឡប់មកវិញ។ ការដឹកជញ្ជូននវ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្នុងឱកាសនោះដែរ ចំណែកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុវត្ដការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ ដោយក្នុងនោះក្រសួងបានកំណត់ឱ្យកម្មករនិយោជិត ដែលធ្វើនៅរោងចក្រសហគ្រាស ទាំងអស់ឈប់សម្រាកចំនួន ៣(បី) ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៦ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែមេសា ដែលកម្មករ និយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាក។ ក្នុងសេចក្ដីជូនដំណឹងក៏បានបញ្ជាក់ទៀតថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាក ទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា។ ក្នុងករណី មានការព្រមព្រៀងគ្នារវាងកម្មករ និយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថានដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករ និយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់ សម្រាកបុណ្យដូចមានកំណត់៕

Leave a Reply

Your email address will not be published. Required fields are marked *