ជារៀងរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងតែងសង្កេតឃើញមានការរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងអធិកអធមនៅទូទាំងប្រទេស។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើនៅតាមភូមិឋាន និងសហគមន៍រៀងៗខ្លួន ដែលគោលដៅធំបំផុតនោះ គឺការថែរក្សាមរតកដូនតា។ កម្ពុជាមានល្បែងប្រជាប្រិយច្រើនជាអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេសនិយមលេងកម្សាន្តជុំគ្នាពេលទំនេរ ពេលមានពិធីបុណ្យទានតូច-ធំ ជាពិសេស គឺពិធីបុណ្យចូលឆ្នាំថ្មីតែម្តង។ ក្នុងនាមយើងជាកូនខ្មែរត្រូវតែនាំគ្នាចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយឱ្យកាន់តែច្រើនកុះករ ដើម្បីជាការចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស។
ល្បែង របាំប្រជាប្រិយខ្មែរដែលមានតាំងពីបុរាណកាលមកត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនយុវនារី ចូលរួមថែរក្សា និងនាំគ្នាលេងកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរៀងរាល់ឆ្នាំ ដោយភាគច្រើននៅតាមភូមិឋាន និងទីវត្តអារាមនានានៅទូទាំងប្រទេស។ល្បែងប្រជាប្រិយទាំងនោះមានដូចជាទាញព្រ័ត្រ លាក់កន្សែង ដណ្ដើមស្លឹកឈើ ចាប់កូនខ្លែង ស្តេចចង់ លោតបាវ បោះអង្គញ់ វាយក្អម ចោលឈូង ចត្រង្គឬអុក និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ត្រូវបានលើកយកមកលេង និងសម្តែង ប្រកបដោយភាពសប្បាយរីករាយ ជាភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរមានប្រសាសន៍ថា៖ ល្បែង របាំប្រជាប្រិយខ្មែរមានប្រយោជន៍ខ្លាំងណាស់សម្រាប់សង្គមជាតិ ជាអត្តសញ្ញាណពិតប្រាកដ ដែលត្រូវលេងក្នុងឱកាសបុណ្យចូលឆ្នាំ។ឯកឧត្តមបានលើកយកល្បែង លាក់កន្សែងមកធ្វើជាឧទាហរណ៍ និងបានពន្យល់ពីអត្ថប្រយោជន៍សំខាន់ៗមួយចំនួនអំពីល្បែងប្រជាប្រិយខ្មែរយើង។
ចំណែកល្បែងទាញព្រ័ត្រ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិកាលពីថ្ងៃទី២ ខែធ្នូ ២០១៥ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ដើម្បីបង្ហាញពី សាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។ ល្បែងទាញព្រ័ត្រ ក៏ជាមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខេមរជនផងដែរ ដែលភាពខ្លាំងរបស់ក្រុមមិនមែនស្ថិតលើកម្លាំងបាយតែមួយមុខនោះទេ ប៉ុន្តែគឺស្ថិតលើ “សាមគ្គីភាព”។
ល្បែងទាញព្រ័ត្រផ្ដល់សារៈសំខាន់អីខ្លះទៅ?ទី១ គឺជាកីឡា ព្រោះប្រឹងទាញណាស់! ប្រឹងទាញធ្វើឱ្យមានសុខភាព។ ទី២បង្កើតចំណងសាមគ្គីភាព ក្រុមម្ខាងខ្លាំងប៉ុណ្ណាក៏ដោយ តែខ្វះការសាមគ្គីភាពគ្នា អ្នកនឹងចាញ់គេ។ នេះជាការអប់រំមួយដល់មនុស្សខ្មែរ ដល់ខេមរជន ថាការសាមគ្គីភាពនេះហើយដែលធ្វើឱ្យខ្មែរសម័យអង្គរ កសាងចក្រភពអង្គរមួយដ៏ធំបាន។ ជនជាតិខ្មែរចាំបាច់ត្រូវតែមានសាមគ្គីភាពគ្នា ព្រោះល្បែងប្រជាប្រិយខ្មែរទាំងអស់គឺផ្ដល់នូវការសាមគ្គីភាពគ្នា។ ទី៣ នេះជារឿងមួយល្អមែនទែនគឺថាឱ្យយើងចេះប្រើកម្លាំងណាប្រឹងស្ទង់ ដឹងពីគ្នា មិនប្រាកដថាមានកម្លាំងខ្លាំងទៅទាញបានឈ្នះគេទេណា”។បាយខុំ ជាល្បែងប្រជាប្រិយខ្មែរម្យ៉ាង ដែលគេតែងតែនាំគ្នាលេងកម្សាន្ត នៅពេលទំនេរ ឬសម្រាកពីការងារ។ ល្បែងបាយខុំមានរន្ធ១០ក្នុងឈើមានសណ្ឋានទ្រវែងស្រដៀងនឹងពងក្រពើ មានគ្រាប់៤២, ដាក់ក្នុងរន្ធ ហៅថា ក្បាលមឿង ឬក្បាលជីមឿង ទាំងពីរខាង ក្នុង១រន្ធដាក់៥គ្រាប់។ រន្ធជាបរិវារ៨ទៀតក្នុងមួយរន្ធៗ ដាក់បួនគ្រាប់ ។ បើគ្មានឈើធ្វើក្ដារបាយខុំ នោះគេនាំគ្នាកាយធ្វើរន្ធលេងផ្ទាល់នឹងដី។ បើតាមការបញ្ជាក់ពីអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ល្បែងប្រភេទនេះមិនត្រឹមតែជាល្បែងលេងកម្សាន្តប៉ុណ្ណោះទេ ។ល្បែងបាយខុំ អាចជួយអ្នកលេងប្រសប់ក្នុងការគិតលេខ និងវិភាគបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះដែរ វាធ្វើឲ្យអ្នកលេងផ្ចិតផ្ចង់ ហើយមានស្មារតីវាងវៃ ចំពោះរបៀបរកផលចំណេញខាងមុខ។ ងាកមកល្បែងស្ដេចចង់ វិញម្តង ឯកឧត្តមសង្កេតឃើញថា បច្ចុប្បន្នហាក់មិនសូវមានអ្នកលេងច្រើនដូចមុននោះទេ។ ល្បែងនេះមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវអត្ថន័យអប់រំយ៉ាងស៊ីជម្រៅសម្រាប់យុវជន និងកុមារខ្មែរឱ្យចេះរៀនគិត និងសង្កេតមើលចិត្តគំនិតរបស់អ្នកដទៃ។
ល្បែងប្រជាប្រិយខ្មែរមួយប្រភេទទៀតនោះគឺ ខ្លែងចាប់កូនមាន់ ដែលមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយ និងការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេរៀនដ៏មានតម្លៃក្នុងការបង្រៀនអំពីរបៀបគ្រប់គ្រង និងការដឹកនាំរដ្ឋបាលផងដែរជាគ្រឹះនៃការបណ្ដុះស្មារតីសាមគ្គីភាព និងការយល់ដឹងពីតួនាទីរវាងមេ និងកូនចៅ។
ចំណែកឯកឧត្តមបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា៖ ល្បែងប្រជាប្រិយរបស់ខ្មែរមានច្រើនប្រភេទ បានផ្តល់នូវភាពសប្បាយរីករាយជាខ្លាំងដល់កូនខ្មែរគ្រប់រូប ដូច្នេះត្រូវតែស្គាល់ឱ្យច្បាស់ពីល្បែងប្រជាប្រិយខ្មែរ និងចូលរួមលេងល្បែងទាំនេះនៅក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបានកាន់តែច្រើនកុះករ ដើម្បីជាការរំលឹក និងបង្ហាញពីវប្បធម៌ជាតិដ៏ផូរផង់។
ក្រុមយុវជនស្ម័គ្រចិត្តក្នុងកម្មវិធីក្បួនដង្ហែ និងសម្តែងសិល្បៈនៃព្រឹត្តិការណ៍នគរសង្ក្រាន្តដែលបានសម្តែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជូនបងប្អូនសាធារណជនទស្សនានាព្រឹត្តិការណ៍នគរសង្ក្រាន្តយល់ថាការចូលរួមស្ម័គ្រចិត្តសម្តែងសិល្បៈនាឱកាសបុណ្យចូលឆ្នាំថ្មីនេះជាមោទនភាពក្នុងនាមជាកូនខ្មែរថែមរតកដូនតារក្សាអត្តសញ្ញាណជាតិ។
ប្រជាជាតិខ្មែរមានអរិយធម៌ជាយូរលង់ណាស់មកហើយ ជាអរិយជន។ វត្តមាននៃល្បែងប្រជាប្រិយខ្មែរក្នុងពិធីបុណ្យចូលឆ្នាំថ្មី មិនមែនជារឿងចៃដន្យនោះទេ រាល់សកម្មភាពកម្សាន្តដែលដូនតាបានបន្សល់ទុកបញ្ជាក់យ៉ាងច្បាស់ថា សុទ្ធសឹងតែជាមេរៀនវិទ្យាសាស្ត្រនៃការគ្រប់គ្រង សាមគ្គីភាព ភាតរភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ជាមួយគ្នានេះ ស្មារតីមោទនភាព និងការប្ដេជ្ញាចិត្តរបស់ក្រុមយុវជនដែលជាអ្នកបន្តវេន គឺជាសញ្ញាណវិជ្ជមានបង្ហាញថា មរតកអរិយធម៌ខ្មែរនឹងនៅតែបន្តរស្មីយ៉ាងរុងរឿងលើឆាកអន្តរជាតិ។ ក្នុងនាមជាពលរដ្ឋខ្មែរ ការចូលរួមលេងកម្សាន្តដោយភាពថ្លៃថ្នូរ និងការចៀសវាងរាល់សកម្មភាពណាដែលខុសពីប្រពៃណីដើម គឺជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់បំផុតក្នុងការថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស៕
អត្ថបទ៖ វិទ្យុជាតិ




